ការងារជួសជុលអគារធម្មតាមួយកាលពីថ្ងៃអង្គារ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលផ្លាស់ប្តូរជីវិតមនុស្ស បន្ទាប់ពីក្រុមកម្មករសំណង់ ក្នុងនោះរួមមានយុវជនជាសិស្សម្នាក់ឈ្មោះ Kobe បានខួងចំបន្ទប់ក្រោមដីសម្ងាត់មួយ ស្ថិតនៅក្រោមអតីតរោងចក្រផលិតស្រាបៀរតាំងពីសតវត្សទី១៩ ក្នុងទីក្រុង Dendermonde ប្រទេសប៊ែលហ្សិក។ នៅក្នុងជញ្ជាំងឥដ្ឋនោះ ពួកគេបានប្រទះឃើញបាវលាក់ទុកនូវដុំមាសចំនួន ៤៩ ដុំ និងកាក់មាសបុរាណជាង ៤,០០០ កាក់ ដែលមានតម្លៃសរុបជាទឹកប្រាក់រហូតដល់ជាង ១០,៤ លានដុល្លារអាមេរិក។
ភ្លាមៗបន្ទាប់ពីជួបប្រទះភាពភ្ញាក់ផ្អើលនេះ ក្រុមកម្មករបានសម្រេចចិត្តទាក់ទងទៅប៉ូលីស និងអង្គការសប្បុរសធម៌ CAW (ដែលជាម្ចាស់អគារបច្ចុប្បន្ន) ដោយសារតែគិតថាវាជាទឹកប្រាក់ច្រើនពេក មិនអាចលាក់ទុកផ្ទាល់ខ្លួនបាន។ សមត្ថកិច្ចបានបញ្ជូនមាសទាំងអស់ទៅរក្សាទុកនៅក្នុងតុដេកសហព័ន្ធដែលមានសុវត្ថិភាពខ្ពស់នៅទីក្រុងព្រុចសែល ដើម្បីការពារពីការប៉ុនប៉ងលួចបន្លំពីក្រុមអ្នកផ្សងព្រេងស្វែងរកកំណប់ផ្សេងទៀត។
ចំពោះទិដ្ឋភាពច្បាប់ អាជ្ញាធរត្រូវរង់ចាំរយៈពេល ៥ ឆ្នាំ ដើម្បីស្វែងរកម្ចាស់ពិតប្រាកដ ឬសាច់ញាតិជំនាន់មុន។ ប្រសិនបើហួសកំណត់នេះហើយនៅតែគ្មានអ្នកមកទាមទារ នោះមាសតម្លៃរាប់លានដុល្លារនេះ នឹងត្រូវបែងចែកជាពីរចំណែកស្មើគ្នា រវាងក្រុមកម្មករសំណង់ដែលជាអ្នករកឃើញ និងអង្គការសប្បុរសធម៌ដែលជាម្ចាស់ដី ដើម្បីយកទៅប្រើប្រាស់ក្នុងកិច្ចការមនុស្សធម៌ជួយសង្គម។
