ក្រុមហ៊ុន Apple ដាក់ចេញប្រព័ន្ធព្រមានជាបន្ទាន់លើកញ្ចក់អេក្រង់ iPhone ករណីរងការលួចវាយប្រហារដោយ Spyware ពីសំណាក់រដ្ឋាភិបាល

ភ្នំពេញ៖ បច្ចេកវិទ្យាការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Apple បានឈានដល់ដំណាក់កាលថ្មីមួយទៀតហើយ ដោយបច្ចុប្បន្ន ក្រុមហ៊ុននឹងធ្វើការផ្ញើសារព្រមាន (Push Notification) ផ្ទាល់ទៅកាន់ផ្ទៃអេក្រង់ចាក់សោ (Lock Screen) របស់ទូរសព្ទ iPhone ភ្លាមៗ ក្នុងករណីដែលប្រព័ន្ធសុវត្ថិភាពរកឃើញថា ឧបករណ៍នោះកំពុងរងការគំរាមកំហែង ឬវាយប្រហារដោយកម្មវិធីលួចមើលការសម្ងាត់កម្រិតខ្ពស់ (Spyware)។

យោងតាមការចុះផ្សាយរបស់គេហទំព័របច្ចេកវិទ្យាល្បីល្បាញ TechCrunch បានឱ្យដឹងថា ប្រព័ន្ធព្រមានថ្មីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការកើនឡើងនៃយុទ្ធនាការលួចចូលមើល និងលួចទាញយកទិន្នន័យសម្ងាត់ពីចម្ងាយ ដោយប្រើប្រាស់កម្មវិធីមេរោគកម្រិតខ្ពស់ (Mercenary Spyware) ដែលភាគច្រើនត្រូវបានបញ្ជា ឬទិញអាជ្ញាប័ណ្ណដោយស្ថាប័នរដ្ឋាភិបាលនៃបណ្តាប្រទេសមួយចំនួន។

នៅក្នុងរូបភាពគំរូនៃសារព្រមានរបស់ Apple (Apple Threat Notification) បានបង្ហាញខ្លឹមសារជម្រាបជូនអ្នកប្រើប្រាស់យ៉ាងដូច្នេះថា៖ «Apple បានរកឃើញការវាយប្រហារពីកម្មវិធីលួចមើលការសម្ងាត់កម្រិតខ្ពស់ (Mercenary Spyware Attack) តម្រង់ទិសដៅមកលើ iPhone របស់អ្នក។ មានវិធានការមួយចំនួនដែលអ្នកអាចធ្វើបានភ្លាមៗ ដើម្បីជួយការពារទិន្នន័យ និងឧបករណ៍របស់អ្នក»។

Apple

អ្នកជំនាញផ្នែកសន្តិសុខបច្ចេកវិទ្យា (Cybersecurity) បានផ្តល់អនុសាសន៍ និងព្រមានយ៉ាងម៉ឺងម៉ាត់ថា ប្រសិនបើអ្នកប្រើប្រាស់ទូរសព្ទ iPhone ណាម្នាក់ ទទួលបានសារព្រមានប្រភេទនេះនៅលើអេក្រង់ទូរសព្ទរបស់ខ្លួន សូមកុំធ្វើការរំលង ឬមើលស្រាលឱ្យសោះ ពោលគឺត្រូវតែយកចិត្តទុកដាក់ និងចាត់វិធានការការពារជាបន្ទាន់។ ភាគរយខ្ពស់នៃជនរងគ្រោះដែលរងការវាយប្រហារដោយ Spyware កម្រិតរដ្ឋាភិបាលនេះ ភាគច្រើនជា ក្រុមអ្នកសារព័ត៌មាន សកម្មជនសង្គម មន្ត្រីការទូត ឬបុគ្គលសំខាន់ៗដែលមានឥទ្ធិពលក្នុងសង្គម។

ដើម្បីឆ្លើយតបនឹងការវាយប្រហារដ៏គ្រោះថ្នាក់នេះ ក្រុមហ៊ុន Apple ក៏បានដាក់បញ្ចូលនូវមុខងារសុវត្ថិភាពកម្រិតកំពូលមួយឈ្មោះថា «Lockdown Mode» នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS។ មុខងារនេះនឹងធ្វើការបិទ ឬកម្រិតការងាររបស់កម្មវិធីមួយចំនួននៅលើទូរសព្ទជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់មិនឱ្យមេរោគ ឬ Spyware អាចលួចដំណើរការ និងវាយលុកចូលទៅក្នុងប្រព័ន្ធផ្ទុកទិន្នន័យផ្ទាល់ខ្លួនរបស់ម្ចាស់ទូរសព្ទបានឡើយ៕


Leave a Reply

Your email address will not be published. Required fields are marked *