របៀបរកចំណូលតាមអនឡាញ (Side Hustle)

គំនិតអាជីវកម្មអនឡាញ ៤ យ៉ាង រកចំណូលបន្ថែមពីផ្ទះ ដោយមិនបាច់លាឈប់ពីការងារ

នៅក្នុងសម័យកាលសេដ្ឋកិច្ចមានការប្រែប្រួលលឿន និងការឡើងថ្លៃនៃទំនិញនានា ការពឹងផ្អែកលើប្រភពចំណូលតែមួយផ្លូវ (ដូចជាប្រាក់ខែប្រចាំខែ) គឺហាក់ដូចជាមានហានិភ័យខ្ពស់។ នាពេលបច្ចុប្បន្ន និន្នាការនៃការបង្កើត «អាជីវកម្មបន្ទាប់បន្សំ» ឬ Side Hustle តាមរយៈប្រព័ន្ធអនឡាញ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្ស-និស្សិត បុគ្គលិកការិយាល័យ និងអ្នកចង់រកចំណូលបន្ថែម។ អត្ថប្រយោជន៍ដ៏ធំធេងនៃការរកលុយតាម online គឺភាពបត់បែននៃពេលវេលា និងការមិនទាមទារដើមទុនបើកហាងខ្ពស់ដូចអាជីវកម្មបែបប្រពៃណី។

ប្រសិនបើអ្នកកំពុងស្វែងរកឱកាសដើម្បីកសាងប្រភពចំណូលទីពីរ ចេញពីចំណេះដឹង និងឧបករណ៍ដែលមានស្រាប់ (ទូរស័ព្ទដៃ ឬកុំព្យូទ័រ និងអ៊ីនធឺណិត) នេះជាគំនិតអាជីវកម្ម online ( Side Hustle)ពេញនិយមទាំង ៤ ដែលមានឱកាសជោគជ័យខ្ពស់៖

1. ការធ្វើអាជីវកម្មបែប Affiliate Marketing (អ្នកណែនាំផលិតផល)

នេះគឺជាគំនិតអាជីវកម្មដែលកំពុងផ្ទុះខ្លាំងជាងគេនៅលើបណ្តាញសង្គមក្នុងស្រុក និងអន្តរជាតិ។ Affiliate Marketing គឺជាទម្រង់នៃការរកលុយដែលអ្នកមិនទាមទារឱ្យមានផលិតផលផ្ទាល់ខ្លួន មិនបាច់ស្តុកអីវ៉ាន់ និងមិនបាច់ខ្វល់ខ្វាយរឿងដឹកជញ្ជូនឡើយ។

  • របៀបដំណើរការ៖ អ្នកគ្រាន់តែចុះឈ្មោះចូលរួមកម្មវិធី Affiliate ជាមួយក្រុមហ៊ុន ឬហាងអនឡាញល្បីៗ (ដូចជាក្រុមហ៊ុនលក់ទំនិញ ក្រុមហ៊ុនដឹកជញ្ជូន ឬសេវាកម្មផ្សេងៗ)។ បន្ទាប់មក អ្នកបង្កើតមាតិកា (រូបភាព ឬវីដេអូ) ណែនាំពីផលិតផលទាំងនោះ រួចភ្ជាប់តំណ Link (Affiliate Link) ផ្ទាល់ខ្លួនរបស់អ្នកនៅលើបណ្តាញសង្គមដូចជា TikTok, Facebook Reels ឬគ្រុប Telegram។
  • ប្រភពចំណូល៖ នៅពេលណាដែលមានអ្នកទស្សនា ចុចលើ Link របស់អ្នក ហើយធ្វើការបញ្ជាទិញទំនិញជោគជ័យ អ្នកនឹងទទួលបានភាគរយលុយកម្រៃជើងសារ (Commission) ពីម្ចាស់ហាងភ្លាមៗ។ យុទ្ធសាស្ត្រស្នូលគឺការធ្វើវីដេអូ Review ឱ្យមានភាពស្មោះត្រង់ និងគួរឱ្យជឿជាក់។

2. ការបង្កើតមាតិកាវីដេអូ ឬ Content Creator

បច្ចុប្បន្ន វេទិកាបណ្តាញសង្គមធំៗដូចជា Facebook, YouTube និង TikTok បានបង្កើតកម្មវិធី (Monetization Program) ដើម្បីបើកឱកាសឱ្យអ្នកបង្កើតវីដេអូអាចរកប្រាក់ចំណូលបានដោយផ្ទាល់ពីចំនួនអ្នកមើល (Views)។

  • របៀបដំណើរការ៖ ប្រសិនបើអ្នកមានចំណង់ចំណូលចិត្ត ឬជំនាញច្បាស់លាស់លើផ្នែកណាមួយ ដូចជា ការធ្វើម្ហូប ការបង្រៀនភាសាបរទេស ការណែនាំបច្ចេកវិទ្យា ការចែករំលែកចំណេះដឹងហិរញ្ញវត្ថុ ឬសូម្បីតែការធ្វើវីដេអូប្លែកៗកម្សាន្តអារម្មណ៍ ចូរចាប់ផ្តើមផលិតវីដេអូខ្លីៗបង្ហោះជាប្រចាំ។
  • ប្រភពចំណូល៖ ក្រៅពីលុយដែលបានមកពីចំនួន Views របស់វេទិកាទាំងនោះ នៅពេលដែលឆានែលរបស់អ្នកមានអ្នកតាមដាន (Followers) ច្រើន អ្នកនឹងទទួលបានចំណូលបន្ថែមពីការរៀបចំវីដេអូផ្សាយពាណិជ្ជកម្មឱ្យប្រភពម៉ាកយីហោផ្សេងៗ (Sponsorships) ឬការលក់ផលិតផលផ្ទាល់ខ្លួនថែមទៀតផង។
អនឡាញ


3. ការផ្តល់សេវាកម្មឯករាជ្យអនឡាញ (Freelancing)

ប្រសិនបើអ្នកមានជំនាញបច្ចេកទេសស្រាប់ដែលបានមករៀនសូត្រពីសាលា ឬការស្វ័យសិក្សា ចូរប្រើប្រាស់វានៅម៉ោងទំនេរ (ពេលយប់ ឬថ្ងៃចុងសប្តាហ៍) ដើម្បីប្តូរទៅជាសាច់ប្រាក់។ ទីផ្សារការងារសេរី ឬ Freelance នៅក្នុងប្រទេសកម្ពុជាកំពុងមានតម្រូវការខ្ពស់ ដោយសារអាជីវកម្មជាច្រើនចង់ជួលអ្នកជំនាញខាងក្រៅជាជាងជួលបុគ្គលិកពេញម៉ោង។

  • ជំនាញដែលត្រូវប៉ាន់៖ រួមមាន ការរចនាក្រាហ្វិក (Graphic Design) ការកាត់តវីដេអូសម្រាប់ TikTok/Reels ការសរសេរអត្ថបទវេបសាយ (Copywriting) ការគ្រប់គ្រងផេកហ្វេសប៊ុក (Social Media Management) ឬការបង្កើតគេហទំព័រ។
  • របៀបស្វែងរកអតិថិជន៖ អ្នកអាចបង្កើតទម្រង់ការងារ (Portfolio) បង្ហាញពីស្នាដៃរបស់អ្នក រួចស្វែងរកម៉ូយតាមរយៈគ្រុបការងារក្នុង Telegram ឬនៅលើគេហទំព័រអន្តរជាតិល្បីៗដូចជា Fiverr, Upwork និង Freelancer ជាដើម។

4. ការលក់ទំនិញតាមប្រព័ន្ធ Pre-order

ការបើកហាងលក់ទំនិញអនឡាញសម័យថ្មី មិនទាមទារឱ្យអ្នកមានដើមទុនរាប់ពាន់ដុល្លារដើម្បីជួលតូប និងទិញអីវ៉ាន់មកគរទុកពេញផ្ទះ ដែលប្រឈមនឹងការកកស្ទះទុននោះឡើយ។ អ្នកអាចជ្រើសរើសវិធីសាស្ត្រលក់បែប Pre-order (កម្ម៉ង់មុន)។

  • របៀបដំណើរការ៖ ចូរស្វែងរកប្រភពម៉ូយដុំដែលមានតម្លៃធូរថ្លៃ និងមានទំនុកចិត្ត (អាចជាម៉ូយក្នុងស្រុក ឬការនាំចូលពីបរទេស)។ បន្ទាប់មក យកជម្រើសរូបភាព ឬវីដេអូផលិតផលស្អាតៗ និងកំពុងពេញនិយម មកបង្ហោះផ្សព្វផ្សាយនៅលើកញ្ចក់online របស់អ្នក។
  • យុទ្ធសាស្ត្រគ្រប់គ្រងទុន៖ នៅពេលដែលអតិថិជនពេញចិត្ត និងធ្វើការកុម្ម៉ង់ ពួកគេនឹងត្រូវកក់ប្រាក់ (ប្រហែល ៥០% ទៅ ១០០% នៃតម្លៃទំនិញ)។ អ្នកយកប្រាក់កក់នោះទៅទិញទំនិញពីម៉ូយធំ រួចផ្ញើជូនអតិថិជន។ វិធីសាស្ត្រនេះជួយឱ្យអ្នកអាចដំណើរការអាជីវកម្មបានដោយសុវត្ថិភាពបំផុត មិនបារម្ភរឿងខាតដើមទុន។

សន្និដ្ឋាន

ការចាប់ផ្តើមអាជីវកម្ម ឬការរកលុយតាម online មិនទាមទារឱ្យអ្នកមានភាពល្អឥតខ្ចោះ ឬចេះគ្រប់សព្វតាំងពីថ្ងៃដំបូងឡើយ អ្វីដែលសំខាន់បំផុតគឺ «ការចាប់ផ្តើមធ្វើ និងការអត់ធ្មត់»។ ចូរជ្រើសរើសយកគំនិតណាមួយដែលត្រូវនឹងសមត្ថភាព និងចំណង់ចំណូលចិត្តរបស់អ្នកបំផុត រួចដាក់ចិត្តរៀនសូត្រ និងអភិវឌ្ឍវាបន្តិចម្តងៗជារាល់ថ្ងៃ នោះវានឹងក្លាយជាប្រភពចំណូលដ៏រឹងមាំមួយជួយទ្រទ្រង់ហិរញ្ញវត្ថុរបស់អ្នកនៅថ្ងៃអនាគត។

Leave a Reply

Your email address will not be published. Required fields are marked *